កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
_____________________
នៅរសៀលថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តព្រៃវែង ជាន់ទី៩ នៃទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត កងកម្លាំងនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត មន្ត្រីរាជការ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សរុបចំនួន ១៧០នាក់។
តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់កើតឡើងសរុប១.០៦៦លើក (យប់៥៨%) បណ្តាល ឱ្យ ស្លាប់ ៦៩៤នាក់ និងរបួស ១.៤៧៦នាក់(ធ្ងន់៨៤៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៥០% មិនគោរពសិទ្ធិ២១% មិនប្រកាន់ស្តាំ១១% ប្រជែងគ្រោះថ្នាក់៧% ស្រវឹង ៥%បត់២% កត្តាយាន២% ងងុយ១% និងសញ្ញាចរាចរណ៍១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៧៧% (៥៣៧/៦៩៤នាក់) មានអ្នកមិនពាក់ មួកសុវត្ថិភាពចំនួន៦២% (៣៣២/៥៣៧នាក់)។ គ្រោះថ្នាក់បានកើតឡើង ច្រើននៅរាជធានីភ្នំពេញ៣៦០លើក ខេត្តព្រះសីហនុ៨២លើក និងខេត្តកណ្ដាល៦៦លើក។
គិតក្នុងឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៦៨លើក ស្មើ៣១% (១.០៦៦/១.៥៣៤លើក) ចំនួនអ្នកស្លាប់ថយចុះ ៩៩នាក់ ស្មើ១២% (៦៩៤/៧៩៣នាក់) និងចំនួនអ្នករបួសថយចុះ៦៤០នាក់ ស្មើ៣០% (១.៤៧៦/២.១១៦នាក់)។ ប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៥ ធៀបទៅនឹងឆមាសទី២ ឆ្នាំ២០២៤គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៤៤លើក ស្មើ១៩% (១.០៦៦/១.៣១០លើក) ចំនួនអ្នកស្លាប់ថយចុះ ២២នាក់ ស្មើ៣% (៦៩៤/៧១៦នាក់) និងចំនួនអ្នករបួសថយចុះ ១២៨នាក់ ស្មើ៨% (១.៤៧៦/១.៦០៤នាក់)។
គួរកត់សម្គាល់ថា សភាពការណ៍ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឆមាសទី១នេះ មានយានយន្តឆ្លងកាត់ សរុបចំនួន២.២៦៩.០៨៨គ្រឿង គ្រោះថ្នាក់កើតឡើង២០លើក (យប់១៤លើក) ខូចខាតយានចំនួន ៣៣គ្រឿង បណ្តាលឱ្យ ស្លាប់ចំនួន ៩នាក់ របួសចំនួន ៣៩នាក់ (របួសធ្ងន់១២នាក់)។ គ្រោះថ្នាក់រថយន្តដឹកកម្មករមានចំនួន ៤លើក ខេត្តកំពង់ស្ពឺ ២លើក ខេត្តស្វាយរៀង ១លើក និង កំពង់ឆ្នាំង ១លើក បណ្តាលឱ្យស្លាប់ ១នាក់ រងរបួស ៩៤នាក់ ស្រី៨៦នាក់ (របួសឆ្ងន់ ១១នាក់)។
ដើម្បីអនុវត្តឱ្យបានសម្រេចតាមទិសដៅការងារឆ្នាំ២០២៥ គ.ស.ច.គ. ដាក់ចេញទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ ដូច ខាង ក្រោម៖
១-បន្តជំរុញអនុវត្តផែនការសកម្មភាពស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេ ខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទូទាំងប្រទេសសំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមាននិរន្តរភាព និងប្រសិទ្ធភាពប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងស្មើភាព
២-ជំរុញបញ្ចប់នីតិវិធីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
៣-រៀបចំទិវារំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០
៤-ជំរុញបញ្ចប់ការរៀបចំសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ដើម្បីឱ្យបានរួចរាល់តាមផែនការគ្រោងទុកនៅខែតុលា ឆ្នាំ២០២៥ និងប្រកបដោយគុណភាពខ្ពស់
៤-ផលិតឈុតវីដេអូខ្លីៗ ចម្រៀង និងសារអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
៥-បន្តផ្សព្វផ្សាយ និងអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០
៦-ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នៅតាមរាជធានី ខេត្ត ផ្តោតលើសិស្សានុសិស្ស អ្នកប្រើប្រាស់ម៉ូតូ អ្នកបើកបរយានយន្តអាជីព និងអ្នកបើកបរដឹកកម្មករ និយោជិត។ បន្តជំរុញការសិក្សាការកសាងតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀនគោលដៅ
៧-បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្ត ជម្រុញ អនុវ ត្តឱ្យ បាន សម្រេច តាមផែនការសកម្មភាពឆ្នាំ២០២៥ របស់ គ.ស.ច.គ ក្នុងស្មា រតី ទទួល ខុស ត្រូវ ខ្ពស់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក និងជនរងគ្រោះឱ្យបានជាអតិបរមា តាមការណែនាំដូចតទៅ៖
១.ស្នើដល់យន្តការដឹកនាំរាជធានី ខេត្ត ត្រូវបន្តចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះ ឱ្យបានសម្រេចតាមផែនការប្រចាំឆ្នាំចំនួន៥% ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ កិច្ចការនេះតម្រូវឱ្យមានការដឹកនាំច្បាស់លាស់ សំដៅលើគោលដៅ មុខសញ្ញា និងអំពើល្មើស ដែលជាមូលហេតុបង្កគ្រោះថ្នាក់ នោះទើបអាចសម្រេចជោគជ័យ
២.ជំរុញការកែទម្រង់ការងារនៅគ្រប់អង្គភាព ដើម្បីបង្កើនភាពសកម្មទទួលខុសត្រូវគ្រប់ការងារឱ្យធានាសម្រេចការងារតាមផែនការទសវត្សដែលបានគ្រោងទុក។ ក្នុងន័យនេះ ត្រូវបង្កើនប្រសិទ្ធភាពយន្តការដឹកនាំ ការចាត់តាំងអនុវត្តផែនការសកម្មភាព និងការត្រួតពិនិត្យវាយតម្លៃគ្រប់សកម្មភាពការងារ
៣.ត្រូវបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់។ ត្រូវខិតខំតាមរកចាប់ជនបង្កគ្រោះថ្នាក់ដែលរត់គេចខ្លួន ដើម្បីធ្វើការផ្តន្ទា ទោសតាមច្បាប់
៤.ត្រូវខិតខំថែមទៀតធ្វើការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឱ្យមានរបៀបរៀបរយតាមដងផ្លូវ និងបន្ថយការកកស្ទះ ។ ដើម្បីឆ្លើយតបនឹងកំណើនយានយន្ត និងប្រជាពលរដ្ឋ ក្រសួង ស្ថាប័នជំនាញត្រូវសិក្សាកសាង ផែនការ និងមានវិធានការឱ្យបានច្បាស់លាស់តាមដំណាក់កាលនីមួយៗ ដើម្បីកសាងផ្លូវថ្មី ពង្រីកឬជួសជុលកែលម្អផ្លូវថ្នល់ដែលមានស្រាប់ បង្កើតចំណតឱ្យបានគ្រប់គ្រាន់និងគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មត់ជាមួយនេះ ត្រូវគិតគូរអំពី ការបំពាក់ផ្លាកសញ្ញា ភ្លើង សញ្ញា គំនូសសញ្ញាផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់ និងងាយមើលឃើញ ព្រមទាំងបន្តបំពាក់កាមេរ៉ាអចល័តនៅតាមដងផ្លូវ បម្រើដល់ការដោះស្រាយកកស្ទះ និងការទប់ស្កាត់អំពើល្មើស ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
៥.សូមលើកទឹកចិត្តដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ជំរុញការសាងសង់សួនសុវត្ថិភាពចរាចរណ៍នៅតាមសាលា និងទីតាំងសមស្របយ៉ាងតិចឱ្យបាន១កន្លែង នៅឆ្នាំ២០២៦តាមគំរូប្លង់បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង អនុវត្តកម្មវិធីសិក្សាតាមគំរូឯកភាព។ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាព ដោយផ្តោតលើអ្នកជិះម៉ូតូដែលទទួលរងគ្រោះថ្នាក់ភាគច្រើន អ្នកបើកម៉ូតូកង់បី អ្នកបើកបរម៉ូតូដឹកទំនិញ សិស្សគ្រប់កម្រិតសិក្សា អ្នកបើកបររថយន្តដឹកកម្មករ ជាដើម
៦.ត្រូវបន្តជំរុញការតភ្ជាប់ឱ្យបានឆាប់នូវប្រព័ន្ធ Digaital គ្រប់គ្រងទិន្នន័យ ដែលពាក់ព័ន្ធការងារអន្តរក្រសួង ពិសេសរវាងក្រសួងទាំងពីរ (មហាផ្ទៃ-សាធារណការនិងដឹកជញ្ជូន។ ជាមួយនេះ ត្រូវបង្កើនការកសាងសមត្ថភាពមន្ត្រីមាន សមត្ថកិច្ចគ្រប់រូបនូវចំណេះដឹងអំពីច្បាប់ ជំនាញ ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងត្រូវមានសីលធម៌ វិន័យ ស្មោះត្រង់ ក្នុងវិជ្ជាជីវៈ ដោយត្រូវអនុវត្តអភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)
៧.ត្រូវបង្កើនភាពគំរូក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយផ្តើមចេញពីមន្ត្រីនៃក្រសួងស្ថាប័ន ពាក់ព័ន្ធ របស់គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក។ ក្នុងន័យនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាសមាជិក គ.ស.ច.គ ត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំលើកកម្ពស់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ដល់មន្រ្តី រាជការ និយោជិតក្រោមឱវាទ និងតាមមូលដ្ឋានពាក់ព័ន្ធ និងផ្ញើររបាយការណ៍ មកអគ្គលេខាធិការដ្ឋានគ.ស.ច.គ ដើម្បីបូកសរុប និងមានមូលដ្ឋានផ្តល់ការលើកសរសើរប្រកប ដោយតម្លាភាព
៨.ស្នើដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជននានាបន្តចូលរួមជួយសហការឧបត្ថម្ភទាំងស្មារតី និងសម្ភារៈ ដើម្បីជម្រុញការងារសុវត្ថិភាពចរាចរណ៍ឱ្យសម្រេចតាមផែនការទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ។
នៅទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាចសម្រេចបានជោគជ័យក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២៥ ក៏ដូចជា ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរឡើងជាលំដាប់ ឈានទៅសម្រេចគោលការណ៍ទាំងបី គឺ “ អ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាព ផ្លូវថ្នល់មានសុវត្ថិភាព និងយានយន្តមានសុវត្ថិភាព”។
តំណរភ្ជាប់ ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១